កាលបរិច្ឆេទ: ០៩ កក្កដា ២០២៤ / ម្ហូបអាហារ / Author : ATH Sokren
ក្រុមហ៊ុនខនហ្វីរេល និងសហគ្រាសផលិតឱសថប៉េប៉េអឹមបានចូលរួមទិវាជាតិអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៧ រៀបចំឡើងដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ
ៈកាលពីថ្ងៃទី១៥ និង១៦ មិថុនា ឆ្នាំ២០២៤ នៅកោះពេជ្រ។
ទិវានេះបង្កើតឡើងក្នុងបំណងលើកកម្ពស់គុណភាពបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជាក្នុងវិស័យជាច្រើនដូចជា ផ្នែកមេកានិច វិស្វកម្ម នគរូបនីយកម្ម ចំណីអាហារ និងភេសជ្ជៈជាដើម និងដើម្បីបង្ហាញពីក្រុមហ៊ុននានាដែលជាប់ពាក់ព័ន្ធនឹងផ្នែកទាំងអស់នេះ។
ក្នុងនាមជាដៃគូសហការ និងជាអ្នកឧបត្ថម្ភគាំទ្រការបណ្តុះបណ្តាលនេះ គ្មានអ្វីចម្លែកទេដែលក្រុមហ៊ុនខនហ្វីរេលមានស្តង់តាំងបង្ហាញផលិតផលរបស់ខ្លួនដែលជាផលិតផលខ្មែរសុទ្ធសាធ និងបានជជែកជាមួយនិស្សិត និងអ្នកទស្សនាផ្សេងៗទៀត។ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសហគ្រាសផលិតឱសថប៉េប៉េអឹមដែលចេញពីក្រុមហ៊ុនមេតែមួយជាមួយក្រុមហ៊ុនខនហ្វីរេល ក្នុងរយៈពេលពីរថ្ងៃនេះក៏មានការផ្សព្វផ្សាយព័ត៌មានទាក់ទិននឹងក្រុមហ៊ុនសហគ្រាសប៉េប៉េអឹម-ខនហ្វីរេលទៅដល់អ្នកចូលរួមផងដែរ។
មានមនុស្សប្រមាណជាង៦៥០០០នាក់ដែលបានមកមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ សរុបទាំងអស់ មានស្តង់ចំនួន១២៥មកពីស្ថាប័នចំនួន១០៤ ក្នុងនោះ៣៤ជាភ្នាក់ងាររបស់រាជរដ្ឋាភិបាល និងគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស វិជ្ជាជីវៈ និង៧០ស្ថាប័នទៀតជាក្រុមហ៊ុនឯកជន ស្ថាប័ននានា អង្គការ សមាគម និងដៃគូអភិវឌ្ឍន៍ ដែលបានចូលរួមចំណែកធ្វើឱ្យព្រឹត្តិការណ៍នេះទទួលបានជោគជ័យ៕